2025-10-10
និយាយនៅសន្និសីទ CODE-C 2025៖ បង្កើតអាជីវកម្មខ្នាតតូចតាមបែបឌីជីថលដោយប្រើផ្នត់គំនិតបច្ចេកវិទ្យា

ថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ ជាថ្ងៃមួយដែលខ្ញុំរៀងហត់ខ្លាំង ព្រោះត្រូវឆ្លៀតទៅធ្វើការផង ឆ្លៀតទៅនិយាយនៅសន្និសីទ CODE-C ផង តែវាពិតជាមានន័យណាស់សម្រាប់ខ្ញុំ ដែលបានខំប្រឹងមកជាច្រើនឆ្នាំ។ ខ្ញុំនៅតែអរគុណដល់បង Rainy Sokhonn ដែលបានផ្តល់ឱកាសនិងណែនាំប្អូនឲ្យបានចូលរួម ក្នុងនាមជាអ្នកនិយាយនៅក្នុងសន្និសីទមួយនេះក្នុងប្រធានបទ៖ "Digitalize Small Businesses Using Tech Mindset" ប្រែជាភាសាខ្មែរថា៖ "បង្កើតអាជីវកម្មខ្នាតតូចតាមបែបឌីជីថល ដោយប្រើផ្នត់គំនិតបច្ចេកវិទ្យា"។

នេះជាលើកទី១ហើយដែលខ្ញុំឡើងនិយាយ ដំបូងខ្ញុំគិតថាខ្លួនឯងអាចនឹងភ័យខ្លាំង តែពេលឡើងនិយាយជាក់ស្តែងគឺអត់មានភ័យទេ គឺនិយាយបានធម្មតា។ ពេលចាប់ផ្តើមដំបូង អ្នកចូលស្តាប់មានចំនួនតិច ខ្ញុំរៀងអន់ចិត្តបន្តិចដែរ ប៉ុន្តែខ្ញុំនៅតែបន្តនិយាយធម្មតា ទាល់តែបានមួយសន្ទុះក្រោយក៏មានអ្នកចូលមកអង្គុយស្តាប់ ជាបន្តបន្ទាប់រហូតដល់ខ្ញុំនឹកមិនស្មានដល់ថាអាចមានច្រើនដល់ថ្នាក់នឹង ហើយថែមទាំងមានអ្នកយកទូរស័ព្ទថតស្លាយរបស់ខ្ញុំទៀត។ លើសពីនេះទៅទៀតគឺនៅពេលដែលខ្ញុំនិយាយចប់ ដល់ម៉ោងសំណួរនិងចម្លើយ គឺមានអ្នកសួរសំណួរជាច្រើនទៀត ហើយខ្ញុំក៏បានឆ្លើយនូវរាល់សំណួរដែលបានសួរទាំងអស់ រហូតដល់ម៉ោងសំណួរនិងចម្លើយត្រូវបានបញ្ចប់ ខ្ញុំក៏លើកដៃសំពះអរគុណនិងជម្រាបលាទៅកាន់អ្នកស្តាប់។

បន្ទាប់មកគឺយើងមានការថតរូបជុំគ្នាពីរបីសន្លឹកទុកជាអនុស្សាវរីយ៍។ បន្ទាប់មកទៀតគឺមានប្អូនៗមកជជែកសួរបន្តទៀតនៅឯតុដែលខ្ញុំនិយាយផ្ទាល់តែម្តង ខ្ញុំក៏ជជែកលេងជាមួយពួកគាត់ ចែករំលែកបទពិសោធន៍បន្ថែមទៅពួកគាត់។


ជាចុងក្រោយ ខ្ញុំសូមអរគុណទៅកាន់បងប្អូនទាំងអស់គ្នាដែលស្រលាញ់និងរាប់អានខ្ញុំតាំងពីដើមរហូតមកដល់ពេលនេះ ខ្ញុំនៅតែបន្តខិតខំចែករំលែកនូវអ្វីដែលល្អទៅកាន់សង្គម។ សង្ឃឹមថាខ្ញុំនឹងមានឱកាសឡើងនិយាយបន្តទៀត អរគុណ🙏




ទិញកាហ្វេជូនខ្ញុំ
ចូលចិត្តអត្ថបទនេះមែនទេ? សូមពិចារណាទិញកាហ្វេជូនខ្ញុំមួយកែវ ដើម្បីគាំទ្រការបង្កើតមាតិកាបច្ចេកទេសដែលមានគុណភាពបន្ថែមទៀត!